ហេតុផល 4 យ៉ាងដែលប្រសិទ្ធភាពខ្ពស់ដើម្បីលើកទឹកចិត្តបុគ្គលិកអោយខិតខំធ្វើការ(Soft Skill)
1- ធ្វើការដើម្បីក្តីសុបិន្តរបស់ពួកគេ មិនមែនដើម្បីក្រុមហ៊ុននោះទេ
ក្នុងនាមជាអ្នកដឹកនាំអ្នកត្រូវតែដឹងពីអ្វីដែលបុគ្គលិកក្រោមបង្គាប់ចង់បាន ជាឧទាហរណ៍ក្តីសុបិន្តរបស់ពួកគេ។ ជាជាងណែនាំឱ្យបុគ្គលិកធ្វើការដើម្បីក្តីសុបិន្តរបស់ក្រុមហ៊ុន អ្នកគួរតែប្រាប់ពួកគេថា ពួកគេគួរតែខិតខំប្រឹងប្រែងធ្វើការដើម្បីសុបិន្តរបស់ពួកគេ។ ឧទាហរណ៏ បុគ្គលិកថ្នាក់ក្រោមម្នាក់មានក្តីសុបិន្តចង់ក្លាយជាអ្នកចាត់ការទូទៅនៃសណ្ឋាគារលំដាប់ផ្កាយ 5មួយនៅ ថ្ងៃអនាគត ខណៈពេលដែលគាត់កំពុងធ្វើការឱ្យក្រុមហ៊ុនសណ្ឋាគាររបស់អ្នកជាអ្នកទទួលស្វាគមន៍ភ្ញៀវ ។ ដូច្នេះពួកគេត្រូវខិតខំប្រឹងប្រែងរៀនសូត្រពីការងារតូចតាចដែលជាអ្នកទទួលស្វាគមន៍ភ្ញៀវដ៏ល្អបំផុតសិនដើម្បីឈានជំហានបន្ទិចម្តងៗ ទៅរកក្តីសុបិន្តរបស់ពួកគេ ដោយការសង្កេតនិងរៀនសូត្រពីអ្នកចាត់ការទូទៅក្រុមហ៊ុនបច្ចុប្បន្នដោយការយក ចិត្តទុកដាក់បំផុត ។ ប្រសិនបើគេមិនអាចធ្វើខ្លួនឯងក្លាយទៅជាអ្នកទទួលភ្ញៀវល្អបានផង តើគាត់អាចក្លាយជាអ្នកចាត់ចែងទូទៅនៃសណ្ឋាគារលំដាប់ផ្កាយ 5 យ៉ាងដូចម្តេចទៅថ្ងៃអនាគត។ ចូរចង់ចាំថា ក្តីសុបិន្តដែលល្អគឺជាគំរោងដែលគ្រោងទុក មុនហើយចាប់ផ្តើមអនុវត្តដោយមានយុទ្ធសាស្រ្តរត្រឹមត្រូវទើបអាចសម្រេចបាន។ បើសិនជាគាត់មិនខំប្រឹងធ្វើការនិងរៀនសូត្រពីការងារ តើគាត់អាចសំរេចក្តីសុបិន្តដែលចង់ក្លាយជាអ្នកចាត់ការទូទៅនៃសណ្ឋាគារលំដាប់ផ្កាយ 5 នាពេលអនាគតបានទៅយ៉ាងម៉េច។ បុគ្គលិកដែលខ្ជិលនិងមិនខំធ្វើការ គឺមិនត្រឹមតែខ្ជះខ្ជាយពេលវេលាក្រុមហ៊ុននោះទេ គឺគាត់បានខ្ជះខ្ជាយពេលវេលាដើម្បីសម្រេចក្តីសុបិន្តរបស់គាត់ទៀតផង។
2- ខិតខំធ្វើការដើម្បីទទួលបានការតម្លើងតួនាទី
ប្រសិនបើបុគ្គលិកថ្នាក់ក្រោមម្នាក់ចង់ក្លាយជាអ្នកគ្រប់គ្រងកំពូលរបស់ក្រុមហ៊ុនបច្ចុប្បន្ន ដែលគាត់កំពុង ធ្វើការនៅថ្ងៃអនាគត គាត់អាចចាប់ផ្តើមធ្វើខ្លួនឯងអោយដូចអ្នកគ្រប់គ្រងកំពូលរបស់ក្រុមហ៊ុនអញ្ចឹង។ ប៉ុន្តែនិយាយដូច្នេះ មិនមែនអោយគាត់ទៅបញ្ចេញ អកប្បកិរិយា ចរិកច្រងេងច្រងាង ជាមេនៅកន្លែងការងារនោះទេ។ ក្នុងនាមជាអ្នកគ្រប់គ្រងគឺត្រូវចេះស្រឡាញ់ថែរក្សាក្រុមហ៊ុនអោយដូចក្រុមហ៊ុនរបស់ខ្លួនឯងអញ្ចឹង ។ ឧទាហរណ៏ហ៊ានលះបង់ ធ្វើការងារ និង មានភាពទទួលខុសត្រូវច្រើនជាងបុគ្គលិកធម្មតាដ៏ទៃទៀត ។ ហើយនេះហើយជាភាពខុសគ្នារវាងបុគ្គលិកធម្មតានិងបុគ្គលិកដែលមានសក្តានុពលក្លាយទៅជាថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រងកំពូលរបស់ក្រុមហ៊ុននីមួយៗ។ វាជារឿងគួរអោយកត់សំគាល់មួយផងដែរ ភាគច្រើន បុគ្គលិកធម្មតាតែងតែគិតថាពួកគេគួរតែធ្វើការឱ្យសមស្របទៅនឹងចំនួនសាច់ប្រាក់ខែរបស់ពួកគេ ខណៈពេលដែលថៅកែឬ ថ្នាក់ដឹកនាំគិតថាបុគ្គលិកត្រូវតែខិតខំនិងយកចិត្តទុកដាក់ធ្វើការអោយក្រុមហ៊ុនជាមុនសិន មុននឹងដំឡើងឋានៈ និងប្រាក់ខែអោយបុគ្គលិក ថ្នាក់ក្រោម។
3- រៀនពីភាពជាមេដឹកនាំដោយមិនគិតថ្លៃ
ចូរចងចាំថា ក្នុងនាមជាអ្នកដឹកនាំ អ្នកក៏មានតួនាទី ជាគ្រូបង្រៀនរបស់បុគ្គលិកអ្នកដែរ ។
អ្នកត្រូវពន្យល់បុគ្គលិករបស់អ្នកអោយដឹងថាតើអ្វីខ្លះដែលពួកគេ ត្រូវធ្វើនិង រៀនសូត្រ បើពួកគេចង់ក្លាយជាអ្នកគ្រប់គ្រងកំពូលនាពេលអនាគត ។ ពួកគេមិនត្រឹមតែត្រូវរៀនជំនាញរឹងនោះទេ (ជំនាញវិជ្ជាជីវៈដូចជា ជំនាញគ្រប់គ្រង លក់ ទីផ្សារ គណនេយ្យ ។ល។) ប៉ុន្តែពួកគេត្រូវរៀនជំនាញទន់ (ជំនាញភាពជាមេដឹកនាំ) ផងដែរ។ មិនខ្វល់ថាពួកគេចង់រៀនឬក៏អត់ ជំនាញទន់គឺជាអ្វីដែលពួកគេត្រូវការ ដើម្បីក្លាយទៅជាអ្នកគ្រប់គ្រងកំពូល ។ ហើយពួកគេអាចរៀនពីរបៀបដឹកនាំមនុស្សនិង ភាពមេដឹកនាំនៅគ្រប់ទីកន្លែងការងារ។ ដើម្បីធ្វើជាអ្នកដឹកនាំ មានន័យថាអ្នកត្រូវតែធ្វើការនិងមានភាពទទួលខុសត្រូវអោយបានច្រើនជាងមិត្តរួមការងារ និងអាចធ្វើការជាក្រុមបាន។ វាជាអ្វីដែលបុគ្គលិកភាគច្រើនមិនចាប់អារម្មណ៍ថា វាជាឱកាសដ៏មានតម្លៃ ដែលពួកគេអាចរៀនពីភាពមេដឹកនាំ ដោយឥតគិតថ្លៃពីថ្នាក់ដឹកនាំរបស់ពួកគេ។ បុគ្គលិកភាគច្រើន តែងយល់ច្រឡំថា ពួកគេអាចដឹកនាំមនុស្សបានទល់តែពួកគេត្រូវបានតម្លើងឋានៈ ឬត្រូវបានផ្តល់តួនាទីជាមេដឹកនាំ ។ ប៉ុន្តែភាពមេដឹកនាំអាចចាប់ផ្តើមរៀនចេញ ពីការចេះសហការធ្វើការងារជាក្រុម ដោយមានទំនួលខុសត្រូវខ្ពស់ និង ចេះសម្របសម្រួលអោយការងារនៅក្នុងក្រុមសំរេចដោយរលូន។ ឧទាហរណ៍ នៅពេលដែលចាំបាច់ បុគ្គលិកម្នាក់ចេះជួយការងារមិត្តរួមការងារ នៅពេលដែលបំពេញការងារខ្លួនរួច ។ នេះបញ្ជាក់ថាគាត់មានឆន្ទៈក្នុងការសហការ និង សម្របសម្រួលយ៉ាងណា ដើម្បីអោយការងារជាក្រុមមានដំណើរការដោយរលូន។ ថ្នាក់ដឹកនាំតែងតែអោយតំលៃ និងឱកាសទៅលើបុគ្គលិកប្រភេទនេះច្រើនជាងបុគ្គលិកប្រភេទដ៏ទៃទៀត ដោយយោងថា ភាពមេដឹកនាំដែលមានប្រសិទ្ធភាពខ្ពស់ គឺជាការចេះធ្វើមនុស្សមួយក្រុមចេះធ្វើការរួមគ្នាដើម្បីសំរេចគោលដៅរួមរបស់ក្រុម។
4- ធ្វើការពី "អ្នកដែលក្រុមហ៊ុនជ្រើសរើស" ទៅជា "អ្នកដែលជ្រើសរើសក្រុមហ៊ុន"
ក្រុមហ៊ុនមិនត្រឹមតែជាកន្លែងធ្វើការ សម្រាប់បុគ្គលិកធ្វើការដើម្បីប្រាក់ខែប៉ុណ្ណោះទេ ។ ប៉ុន្តែក៏ជាកន្លែងសម្រាប់ពួកគេ អាចបង្ហាញពីសមត្ថភាព ភាពស្មោះត្រង់ ក្រមសិលធម៌ និងអត្តចរិកក្នុងការធ្វើការងាររបស់ខ្លួនទៅកាន់ ក្រុមហ៊ុនដទៃទៀតដែលនៅក្នុងវិស័យការងារតែមួយ ដែលក្រុមហ៊ុនទាំងអស់នោះសុទ្ធតែជាឱកាសទីផ្សារការងារថ្មីសំរាប់ពួកគេ។ ក្នុងនាមជាថៅកែ រឺ ថ្នាក់ដឹកនាំ ដាច់ខាតពួកគេមិនលើកទឹកចិត្តអោយបុគ្គលិកខ្លួនឯងណាម្នាក់លាលែងពីក្រុមហ៊ុនហើយទៅរកមើលការងារថ្មីនៅក្រុមហ៊ុនដ៏ទៃទេ ប៉ុន្តែពួកគេត្រូវតែយល់ស្របទទួលស្គាល់ថាពួកគេសុខចិត្តមានបុគ្គលិកដែលមានសមត្ថភាពនិងការយកចិត្តទុកដាក់ខ្ពស់នៅក្នុងក្រុមហ៊ុនពួកគេ ជាជាងបុគ្គលិកខ្ជិលនិងអសមត្ថភាព។ វាមិនអាចគេចផុតបានទេដែលបុគ្គលិកល្អមានសមត្ថភាព តែងតែត្រូវបានក្រុមហ៊ុនដទៃទៀតចូលមកទាក់ទងទៅ ធ្វើការអោយក្រុមហ៊ុនពួកគេ។ ប៉ុន្តែប្រសិនបើបុគ្គលិកម្នាក់ គាត់យល់ថាការធ្វើការនៅក្នុងក្រុមហ៊ុនដែលខ្លួនកំពុងធ្វើ បានជួយអោយគាត់អភិវឌ្ឍខ្លួនបានល្អ ហើយនិងកាន់តែល្អប្រសើរឡើងទៀតនាពេលអនាគតនោះ វាបង្ហាញថាក្រុមហ៊ុននេះគឺជាកន្លែងដ៏ល្អបំផុត សម្រាប់គាត់ទៅហើយក្នុងអាជីពរបស់គាត់។ នៅពេលដែលបុគ្គលិកអាចរៀនសូត្រនិងអភិវឌ្ឍខ្លួនឯងបានច្រើននៅក្នុងក្រុមហ៊ុនមួយ ឱកាសតិចណាស់ដែលឱ្យគាត់នឹង សំរេចចិត្តចាកចេញពីក្រុមហ៊ុន ក្នុងករណីដែលប្រាក់ខែរបស់គាត់ត្រូវបានតំឡើងឡើងដោយសមរម្យ ដោយយោងទៅតាមការអភិវឌ្ឍន៍ និងភាពរីកចំរើនការងារគាត់។ បុគ្គលិកគ្រប់រូបគួរចង់ចាំថា ដំបូងក្រុមហ៊ុនជាអ្នកជ្រើសរើសអ្នក ហើយអ្នកគួររកវិធីយ៉ាងណាដើម្បីរៀនសូត្រពីការងារ និងអភិវឌ្ឍខ្លួនឯងអោយក្លាយទៅជាមនុស្សម្នាក់ ដែលជ្រើសរើសក្រុមហ៊ុនដែលខ្លួនចង់ធ្វើការវិញ។
ក្នុងរយៈពេល ពីរ ទៅ បីឆ្នាំដំបូងនៃការងារ អ្នកអាចជាបុគ្គលិកដែលក្រុមហ៊ុនជាអ្នកជ្រើសរើស ហើយវាមិនថ្វីទេ ព្រោះអ្នកមិនទាន់ចេះការងារ ។ ប៉ុន្តែបើក្រោយពីធ្វើការងារពីរ ទៅ បីឆ្នាំហើយ អ្នកនៅតែជាបុគ្គលិកដែលក្រុមហ៊ុនជាអ្នកជ្រើសរើសទៀត អ្នកគួរសួរខ្លួលឯងថា តើរៀងរាល់ថ្ងៃ ខ្លួនបានខិតខំអស់ពីសមត្ថភាពដើម្បីរកវិធីរៀនសូត្រពីការងារនិងអភិវឌ្ឍខ្លួនឯងហើយរឺនៅ។សូមកុំខ្ជះខ្ជាយពេលវេលាដើម្បីតែប្រាក់ខែមួយគត់ តែក៏ដើម្បីអនាគតវែងឆ្ងាយខ្លួនឯងដែរ។
Referenceនិពន្ធ និងរក្សាសិទ្ធដោយ (Entrepreneurship Journey) G.P. John

Comments
Post a Comment