យល់ដឹងពីភាពជាដៃគូនៃអាជីវកម្ម (ភាគ១)

យល់ដឹងពីភាពជាដៃគូនៃអាជីវកម្ម (ភាគ១)

មូលហេតុនិងលក្ខខណ្ឌដែលអ្នកគួរតែរកភាពជាដៃគូនៃអាជីវកម្ម

ភាពជាដៃគូក្នុងអាជីវកម្មបច្ចុប្បន្នកំពុងដើរតួយ៉ាងសំខាន់ក្នុងបរិយាកាសធុរកិច្ចនាពេលបច្ចុប្បន្ន ដែលលើកទឹកចិត្តដល់សហគ្រិនវ័យក្មេងៗនៅកម្ពុជា ក្នុងការចាប់ផ្តើមអាជីវកម្មដំបូងរបស់ខ្លួន។
ភាពជាដៃគូពាណិជ្ជកម្មនៅទីនេះគឺ សំដៅទៅលើមនុស្សដែលអ្នកចាប់ដៃគូជាមួយនៅពេលចាប់ផ្តើមប្រតិបត្តិការអាជីវកម្ម (អាជីវកម្មដំបូង រឺ អាជីវកម្មខ្នាតតូច)របស់អ្នក។
មានការយល់ច្រឡំទូទៅពីមនុស្សជំនាន់ចាស់ ដែលពួកគាត់ភាគច្រើនជឿជាក់ និងមានបទពិសោធមិនល្អ ចំពោះភាពជាដៃគូអាជីវកម្ម ដែលពុំសូវទទួលបានភាពជោគជ័យទេ ព្រោះវាទំនងជានាំឱ្យមានជម្លោះក្នុងភាពជាដៃគូអាជីវកម្ម។ សព្វថ្ងៃនេះភាពជាដៃគូក្នុងអាជីវកម្មមិនមិនដូចពីសម័យមុនទេ ដោយសារតែភាពជាសហគ្រិន និងបរិយាកាសធុរកិច្ចរបស់ ប្រទេសយើងកាន់តែប្រសើរឡើង។
ខ្ញុំនឹងពិភាក្សាអំពីរបៀបទប់ស្កាត់ជម្លោះក្នុងភាពជាដៃគូពាណិជ្ជកម្មនៅចំនុនមួយនៃអត្ថបទនេះ។ ប៉ុន្តែដំបូងខ្ញុំនឹងចាប់ផ្តើមពិភាក្សាអំពីមូលហេតុអ្វី និង លក្ខខណ្ឌណាខ្លះបានជាសហគ្រិនគួរតែមានភាពជាដៃគូនៃអាជីវកម្មហើយអ្វីដែលជាធនធានទាំងបី ដែលអ្នកត្រូវតែមាន ដើម្បីអោយមានភាគរយនៃភាពជោគជ័យនៅក្នុងមុខជំនួញកាន់តែខ្ពស់ និងតើអ្នកត្រូវការធនធានអ្វីខ្លះនៃធនធានទាំងបីនេះ ពីដៃគូអាជីវកម្មរបស់អ្នក។ យោងតាមលោក Robert Kiyosaki ដែលខ្ញុំមើលឃើញនិងចាត់ទុកគាត់ថាជា គ្រូណែនាំធុរកិច្ចរបស់ខ្ញុំ គាត់បានប្រាប់ថាមានធនធានបី ដែលអ្នកត្រូវតែមានឬរកអោយបាន ដើម្បីភាពជោគជ័យក្នុងអាជីវកម្ម:
1- ចេះខ្ចីពេលវេលារបស់អ្នកដ៏ទៃ (OPT:Other People Time) 

ប្រសិនបើអ្នកកំពុងចាប់ផ្តើមអាជីវកម្ម អ្នកត្រូវប្រាកដថាអ្នកមានពេលគ្រប់គ្រាន់បំផុត ដើម្បីចាប់ផ្តើមអាជីវកម្មរបស់អ្នក។ ក៏អាចនិយាយបានថា ទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតក្នុងអាជីវកម្មដែលអ្នកមានគឺជាពេលវេលារបស់អ្នក។កំហុសដ៏សាមញ្ញហើយធំបំផុតមួយគឺទៅចាប់ផ្តើមធ្វើអាជីវកម្មដំបូងរបស់ខ្លួន ដោយមិនបានផ្តោតអារម្មណ៍ និងយកចិត្តទុកដាក់ផ្តល់ពេលវេលាអោយទៅអាជីវកម្មនេាះ​ទាំងស្រុង ហើយចាត់ទុកវាជាកិច្ចការអាទិភាពសំខាន់ទីពីរ។
ខ្ញុំឃើញមនុស្សជាច្រើនដែលកំពុងធ្វើការពេញម៉ោងនៅក្រុមហ៊ុនមួយចំនួន និងហើយបានឆ្លៀតចំណាយពេលខ្លះដើម្បីចាប់ផ្ដើមអាជីវកម្ម។ មូលហេតុរបស់ពួកគេធ្វើបែបនេះ គឺដោយសារពួកគេគិតថា ប្រាក់ខែរបស់ពួកគេគឺជាអ្វីដែលពួកគេត្រូវតែធ្វើដើម្បីរស់នៅប្រចាំថ្ងៃ ហើយការចាប់ផ្តើមអាជីវកម្មគឺជាអ្វីដែលពួកគេ ព្យាយាមផ្សងសំណាងរបស់ពួកគេដើម្បីក្លាយជាសហគ្រិនជោគជ័យ។ ដំបូន្មានផ្ទាល់ខ្លួនរបស់ខ្ញុំគឺថានៅពេល ដែលអ្នកមិនទាន់ត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមជំនួញទេ ហើយអ្នកមិនចាត់ទុកវាជាអាទិភាពសំខាន់ទីមួយរបស់អ្នកទេ អញ្ចឹងសូមកុំចាប់ផ្តើម វាប្រសើរជាង ព្រោះអ្នកនឹងមិនមានពេលគ្រប់គ្រាន់សំរាប់អជីវកម្មអ្នកឡើយ។
អ្នកមិនមានពេលច្រើនជាង24ម៉ោងក្នុងមួយថ្ងៃឡើយនៅក្នុងជីវិតរស់នៅរបស់អ្នក។ ដូច្នេះតើអ្នកអាចបង្កើតពេលវេលាច្រើនជាង 24 ម៉ោងក្នុងមួយថ្ងៃយ៉ាងដូចម្តេចក្នុងចំនោមគ្រូណែនាំធុរកិច្ចរបស់ខ្ញុំម្នាក់ គាត់បានប្រាប់ខ្ញុំថា គាត់អាចរស់នៅរាប់ពាន់ឆ្នាំ ដូច្នេះតើគាត់ជាបិសាចជញ្ចូកឈាមដូចក្នុងរឿងកុនមែនក៏អីការពន្យល់របស់គាត់គឺសមហេតុផល។ ឧទាហរណ៍ ពេលដែលអ្នកប្រតិបត្តិអាជីវកម្មអ្នក ហើយអ្នកបានជួលបុគ្គលិកដូចជា អ្នកគិតលុយ គណនេយ្យករ ឬអ្នករត់តុ។ ពេលខ្លះមូលហេតុដែលអ្នកជួលពួកគាត់ គឺមិនមែនដោយសារតែអ្នកមិនចេះធ្វើការងារទាំងអស់នោះទេ ប៉ុន្តែអ្នកមិនមានពេលគ្រប់គ្រាន់ដើម្បីធ្វើវា។
ហេតុផលដូចគ្នាដែរគឺថាអ្នកជួលគណនេយ្យករម្នាក់ពីព្រោះអ្នកនឹងចំណាយពេលធ្វើការងារនេះ ប្រសិនបើអ្នកមិនជួលអោយគាត់ជួយធ្វើការងារនេះអោយអ្នកទេ មិនអញ្ចឹងគណនេយ្យករធ្វើការ ម៉ោងក្នុងមួយថ្ងៃសម្រាប់ក្រុមហ៊ុនរបស់អ្នក ហើយអ្នកចំណេញពេលវេលា ម៉ោងមន្ថែមលើ 24 ម៉ោងដែលអ្នកមានស្រាប់ក្នុងមួយថ្ងៃ ដោយតបស្នងទៅគណនេយ្យករវិញតាមការផ្តល់ជាប្រាក់ខែរបស់គាត់ហើយអ្នកត្រូវមានកាតព្វកិច្ចហ្វឹកហាត់និងផ្តល់ចំណេះជំនាញការងារទៅអោយគាត់ឱ្យបានល្អក្នុងនាមអ្នកជាមេដឹកនាំរបស់គាត់។ ចូរអ្នកស្រមៃមើលថាប្រសិនបើគ្រូណែនាំធុរកិច្ចរបស់ខ្ញុំម្នាក់នេះ គាត់មានបុគ្គលិកធ្វើការអោយក្រុមហ៊ុនរបស់គាត់ចំនួន 2,000 នាក់ នោះគាត់នឹងមាន 16,000 ម៉ោង(8ម៉ោង×2,000)ច្រើនជាង(ឆ្នាំ 10 ខែ) ជាងមនុស្សធម្មតាក្នុងមួយថ្ងៃ។ ការស្រមើលស្រមៃឆ្កួតមួយនេះបានធ្វើអោយខ្ញុំគិតថា គាត់មានពេលវេលា 666 ឆ្នាំបូកនឹង ឆ្នាំរបស់គាតដែលមានស្រាប់់គឺ 667 ឆ្នាំសម្រាប់រយៈពេលមួយឆ្នាំដូចមនុស្សធម្មតា។
ដូច្នេះតើនេះមានអ្វីដែលទាក់ទងនឹងភាពជាដៃគូអាជីវកម្មភាគច្រើនអាជីវកម្មដំបូងត្រូវបានចាប់ផ្តើមជាមួយដៃគូដែលអាចជួយគ្នាទៅវិញទៅមកបានដើម្បីគ្រប់គ្រងអាជីវកម្មរបស់អ្នក។ បើមិនអញ្ចឹងទេ អ្នកនឹងចំណាយទុនច្រើនពេកក្នុងការជួលបុគ្គលិក ដូចជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុដែលមានសមត្ថភាពគ្រប់គ្រាន់។ បើមិនចន្នោះទេ អ្នកម្នាក់ឯងមិនអាចមានលទ្ធភាពនិងពេលវេលាគ្រប់គ្រាន់ក្នុងការគ្រប់គ្រងអជីវកម្មរបស់អ្នក ប្រកបដោយប្រសិទ្ធិភាពទេ ដូចជាការគ្រប់គ្រងទៅលើ ការធ្វើទីផ្សារ ការលក់ ការគ្រប់គ្រងហិរញ្ញវត្ថុ ប្រតិបត្តិការ គ្រប់គ្រងគណនេយ្យតែម្នាក់ឯង។ល។នេះជាមូលហេតុដែលអ្នកត្រូវការដៃគូរបស់អ្នកក្នុងអាជីវកម្មចាប់ផ្ដើមដំបូង។
2- ចេះខ្ចីបទពិសោធន៍របស់អ្នកដទៃ (OPE: Other People Experience)

បន្ទាប់ពីជជែកគ្នាអំពីពេលវេលារួចមក ធនធានទីពីរដែលអ្នកត្រូវការគឺបទពិសោធន៍។ ខ្ញុំផ្ទាល់ខ្លួនតែងតែជឿជាក់ថា ខ្ញុំមិនចាំបាច់ដឹងពីវិធីធ្វើគុយទាវ ដើម្បីធ្វើអាជីវកម្មគុយទាវជោគជ័យនោះទេសំរាប់អាជីវកម្មដំបូង។ខ្ញុំបានចាប់ផ្តើមអាជីវកម្មភោជនីយដ្ឋានរបស់ខ្ញុំជាផ្លូវការនៅពេលខ្ញុំមានអាយុក្មេងខ្ចីុុ។ ដោយសារតែខ្ញុំដឹងខ្លួនថា ខ្ញុំមិនចេះមិនយល់អ្វីអំពីវិធីចម្អិនអាហារ ដូច្នេះអ្វីដែលខ្ញុំធ្វើគឺរកមិត្តភក្តិជិតស្និទ្ធម្នាក់ដើម្បីធ្វើជាដៃគូរបស់ខ្ញុំ ដោយសារគាត់ជាមនុស្សមានបទពិសោធន៏ល្អក្នុងការធ្វើការងារក្នុងភោជនីយដ្ឋានក្នុងផ្នែកចុងភៅ។
នៅពេលនោះខ្ញុំប្តេជ្ញានិងយកចិត្តទុកដាក់យ៉ាងពេញទំហឹងលើមុខជំនួញភោជនីយដ្ឋាននេះជាមួយមិត្តភក្តិដៃគូរបស់ខ្ញុំ ខ្ញុំផ្តល់ពេលវេលាទាំងអស់របស់ខ្ញុំដើម្បភោជនីយដ្ឋានរបស់ខ្ញុំ
តាំងពីព្រឹកព្រលឹមរហូតដល់ពាក់កណ្តាលយប់ជ្រៅ។ ការដែលអាចរកដៃគូដែលមានបទពិសោធល្អដែលអ្នកចង់បានបាន គឺមិនធានា 100% ថាអាជីវកម្មអ្នកដំណើរការរលូនគ្រប់ពេលដែរ ព្រោះដៃគូល្អមិនប្រាកដជាមានភាពជាអ្នកដឹកនាំល្អដែរ។ ភាពជាដៃគូក្នុងអាជីវកម្មរបស់អ្នក គឺត្រូវមានអ្នកមានភាពជាអ្នកដឹកនាំល្អក្នុងចំនោមដៃគូទាំងអស់ក្នុងអាជីវកម្មរបស់អ្នក ម្នាក់នោះអាចជាអ្នក រឺក៏ជាដៃគូនាក់។
បកមករឿងធនធានបទពិសោធវិញ ដើម្បីធ្វើអោយភាពជាដៃគូរបស់អ្នកកាន់តែល្អប្រសើរ នោះអ្នកអាចស្រមៃថា បើខ្ញុំមិនបានខ្ចីបទពិសោធពីមិត្តភក្តិដៃគូរបស់ខ្ញុំក្នុងការចំ អិនអាហារទេនោះ ខ្ញុំនឹងមិនអាចធ្វើឱ្យភោជនីយដ្ឋានរបស់ខ្ញុំទទួលជោគជ័យបានទេ។ អ្នកក៏អាចកត់សម្គាល់ផងដែរថាបើគ្មានបទពិសោធន៏នៃភាពជាអ្នកដឹកនាំល្អរបស់ខ្ញុំដែលខ្ញុំរៀនពី ឬ ឆ្នាំដំបូងនៅក្នុងអាជីវកម្មនេះទេ វាក៏មិនអាចទទួលជោគជ័យបានដែរ។ ដូច្នេះបទពិសោធន៍ចុងភៅរបស់មិត្តភក្តិជាដៃគូខ្ញុំ និងបទពិសោធភាពជាអ្នកដឹកនាំល្អរបស់ខ្ញុំ គឺត្រូវបានរួមបញ្ចូលគ្នាបានល្អបំផុតដើម្បីក្លាយជាដៃគូប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងអាជីវកម្ម។ ដៃគូរបស់ខ្ញុំខ្ចីបទពិសោធន៍នៃភាពជាអ្នកដឹកនាំល្អរបស់ខ្ញុំហើយខ្ញុំខ្ចីបទពិសោធន៍ចំអិនអាហារល្អរបស់គាត់។
ដូច្នេះហើយនេះជារបៀបមួយដែលអ្នកអាចខ្ចីបទពិសោធន៍ពីភាពជាដៃគូក្នុងការធ្វើជំនួញអាជីវកម្ម។ នៅពេលដែលអ្នកពិចារណារកដៃគូអាជីវកម្មចំពោះបទពិសោធគឺគួរតែនៅដែលពេលអ្នកមានអារម្មណ៍ថា បទពិសោធន៍ខ្លះត្រូវបានខ្វះខាតក្នុងការធ្វើផែនការអាជីវកម្ម និងអាជីវកម្មដែលមានស្រាប់ប៉ុណ្ណោះ។ប៉ុន្តែវាក៏មិនចាំបាច់ថាអ្នកត្រូវតែខ្ចីបទពិសោធន៍ពីអ្នកដ៏ទៃទៀតដោយត្រូវតែទទួលយកអ្នកនោះធ្វើជាដៃគូរក្នុងអាជីវកម្មរបស់អ្នកនោះទេ ប៉ុន្តែគាត់អាចជាបុគ្គលិករបស់អ្នកបានដរាបណា អ្នកមានលទ្ធភាពផ្តល់ប្រាក់ខែអោយគាត់។ ដូច្នេះសរុបសេចក្ដីមក ប្រសិនបើអ្នកមិនមានបទពិសោធន៍ឬ ជំនាញណាមួយដែលសំខាន់សម្រាប់អាជីវកម្មរបស់អ្នក អ្នកគួរពិចារណាស្វែងរកបុគ្គលណាដែលមានបទពិសោធន៍ជំនាញដែលអ្នកត្រូវការនោះដើម្បីធ្វើជាដៃគូឬបុគ្គលិករបស់អ្នក។
3- ចេះខ្ចីលុយរបស់អ្នកដទៃ (OPM:Other People Money)

បន្ទាប់ពីអ្នកមានពេលវេលាគ្រប់គ្រាន់និងអាចស្វែងរកដៃគូដែលមានបទពិសោធដែលសំខាន់សម្រាប់អាជីវកម្មរបស់អ្នកហើយ អ្វីដែលជជែកបន្ទាប់គឺដើមទុន។ ហេតុផលត្អូញត្អែរដែលខ្ញុំធ្លាប់លឺញឹកញយបំផុត ដែលធ្វើអោយមនុស្សភាគច្រើនមិនហ៊ានចាប់ផ្តើមអាជីវកម្មដំបូងរបស់ខ្លួនឯង គឺមិនមានលុយគ្រប់គ្រាន់ដើម្បីចាប់ផ្តើម។ ខ្ញុំលឺមនុស្សជាច្រើនបានត្អូញត្អែរថាពួកគេកើតមកមិនមានទ្រព្យ ពួកគេមិនមែនកើតមកពីគ្រួសារអ្នកមានទេ ពួកគេធ្វើការបានប្រាក់ខែទាប ហើយពួកគេជាមនុស្សបែបនេះបែបនោះ។
សម្រាប់ខ្ញុំ អ្វីដែលពួកគេទាំងអស់គ្នានិយាយនោះគឺសុទ្ធតែជាការលោងលោមខ្លួនឯងដើម្បីគេចវេស។តើពួកគាត់ដឹងទេថាមានមនុស្សជាច្រើនដែលត្អូញត្អែរថា មិនដឹងថាត្រូវធ្វើអ្វីជាមួយលុយរបស់ពួកគេឬស្វែងរកដៃគូដែលប្តេជ្ញាចិត្តអាចជួយអាជីវកម្មរបស់ពួកគេរីកចម្រើនកាន់តែខ្លាំង? (អ្នកត្រូវតែនៅក្នុងចំណោមទំនាក់ទំនងអោយត្រូវដើម្បីជួបមនុស្សទាំងអស់នេះ) ។ ឧទាហរណ៍អ្នកជាបុគ្គលិកក្រីក្រវ័យក្មេងម្នាក់ដែលធ្វើការយ៉ាងសកម្មនិងប្តេជ្ញាចិត្តចំពោះអ្វីដែលអ្នកកំពុងធ្វើ ហើយមនុស្សនៅជុំវិញអ្នក ពេញចិត្តនឹង អត្តចរិក អកប្បកិរិយា និងការខិតខំប្តេជ្ញាចិត្តរបស់អ្នក។
មនុស្សនៅជុំវិញអ្នកអាចជាមិត្តរួមការងារអ្នក ចៅហ្វាយអ្នក មិត្តភក្តិអ្នក អតិថិជនអ្នក និងសាច់ញាតិអ្នក ដែលកើតមកពីគ្រួសារដែលមានទ្រព្យច្រើនជាងអ្នក ឬជាអ្នកមានទ្រព្យច្រើនជាងអ្នក។ ការតាំងចិត្តកាន់តែរឹងមាំនិងការខិតខំប្តេជ្ញាចិត្តរបស់អ្នកដែលដាក់ទៅលើការងាររបស់អ្នក នឹងបង្ហាញមនុស្សនៅជុំវិញអ្នកថា អ្នកជាមនុស្សដែលគួរតែទុកចិត្តបំផុត ហើយវាកាន់តែប្រសើរប្រសិនបើអ្នកអាចបង្ហាញអាកប្បកិរិយានិងអត្តចរិចត្រឹមត្រូវរបស់អ្នកចំពោះពួកគេ។ ឧទាហរណ៍ប្រសិនបើមនុស្សមួយចំនួនក្នុងចំណោមមនុស្សនៅជុំវិញអ្នក ពួកគាត់មានដើមទុននិងចង់ចាប់ផ្ដើមអាជីវកម្ម តើពួកគេនឹងចាត់ទុកអ្នកជាដៃគូររបស់ពួកគាត់ដែរឬទេប្រសិនបើអ្នកត្រូវការប្រាក់សុទ្ធតើអ្នកអាចខ្ចីប្រាក់បានប៉ុន្មានពីពួកគាត់តើអ្នកមានតម្លៃប៉ុន្មានចំពោះពួកគាត់?
ចំលើយរបស់អ្នក នឹងឆ្លុះបញ្ចាំថា អ្នកបានធ្វើអោយពួកគាត់ជឿជាក់លើអ្នកប៉ុណ្ណា។ មនុស្សភាគច្រើនយល់ច្រឡំថាការទុកចិត្តរបស់មនុស្សនៅជុំវិញគាត់ទៅលើគាត់ គឺអាចកសាងសន្សំក្នុងមួយថ្ងៃបាន។ អ្នកជឿទុកចិត្តនៅជុំវិញអ្នកផ្តល់ទំនុកចិត្តឱ្យអ្នកចាប់តាំងពីពេលដែលអ្នកបានកើតមកលើផែនដីមកម្លេះ។ តើអ្នកធ្លាប់ឮកូនអ្នកមានខ្លះតែងនិយាយថាគ្រួសាររបស់ពួកគាត់ មិនគាំទ្រពួកគាត់ទេដើម្បីបង្កើតអាជីវកម្មថ្មីដែរទេវាអាចកើតឡើងដោយសារតែពួកគាត់ទាំងនោះមិនបានកសាងទំនុចិត្តជាមួយគ្រួសារពួកគាត់ ចាប់តាំងពីពួកគេនៅក្មេងវ័យ។ ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកមិនទាន់ធ្វើអ្វីៗគ្រប់គ្រាន់ដើម្បីកសាងអោយបានការទុកចិត្តជាមួយមនុស្សនៅជុំវិញអ្នកទេនោះ សូមចាប់ផ្តើមធ្វើវាឥឡូវនេះ ឧទាហរណ៍ដូចជា អ្នកត្រូវមានវិន័យខ្ជាប់ខ្ជួន គោរពតាមការសន្យារបស់ខ្លួន គោរពមនុស្សជុំវិញខ្លួន និងបង្កើតទម្លាប់ល្អក្នុងការងារទាំងឡាយដែលអ្នកកំពុងតែធ្វើ។
ប្រសិនបើអ្នកមិនចាប់ផ្តើមធ្វើវាឥឡូវនេះទេនោះ បើទោះបីជាអ្នកកើតមកពីគ្រួសាអ្នកមានឬអ្នកក្រក៏ដោយ ក៏វានឹងដូចតែគ្នាទេ។ ប្រសិនបើអ្នកមកពីគ្រួសារក្រីក្រ អ្នកនឹងក្លាយជាអ្នកក្រីក្រដែលមិនគួរអោយជឿទុកចិត្ត ។ ប្រសិនបើអ្នកមកពីគ្រួសារអ្នកមាន អ្នកនឹងក្លាយទៅជាអ្នកមានដែលគ្មានប្រយោជន៍និងមិនគួរអោយជឿទុកចិត្ត។ ទោះបីជាអ្នកមាន រឺ អ្នកក្រក៏ដោយ បើអ្នកគ្នានការទុកចិត្តពី មនុស្សជុំវិញអ្នកហើយ នោះនាពេលអនាគតអ្នកនឹងត្រូវរងទទួលផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះសូមបញ្ឈប់ការត្អូញត្អែរ ហើយខិតខំធ្វើឱ្យមិត្តរួមការងារ អ្នកជិតខាង មិត្តភក្តិ អតិថិជន និងសាច់ញាតិរបស់អ្នកក្លាយទៅជាដៃគូសកម្មនាពេលអនាគតរបស់អ្នក ឬជាដៃគូដែលអសកម្ម (ជាដៃគូប៉ុន្តែគ្រាន់តែគាំទ្រហិរញ្ញវត្ថុហើយមិនមានសិទ្ធិក្នុងការសំរេចចិត្តប្រតិបត្តិការអាជីវកម្ម) ឬអ្នកវិនិយោគរបស់អ្នក (ឥណទានជាមួយការប្រាក់ ឬភាគលាភ) ដោយបង្កើតការទុកចិត្តរបស់អ្នកជាមួយពួកគេ។
ដូច្នេះសូមកុំក្លែងបន្លំប្រយោជន៍នៅកន្លែងធ្វើការរបស់អ្នក សូមប្តេជ្ញាចិត្តធ្វើការងាររបស់អ្នកប្រសិនបើអ្នកមានទំនួលខុសត្រូវជាមួយវា សូមរៀនពីការងារដោយការខិតខំប្រឹងប្រែងធ្វើវា សូមបង្កើតទម្លាប់ល្អនិងវិន័យល្អចំពោះអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ។
អ្វីដែលខុសក្រមសិលធម៌និងគ្មានការទទួលខុសត្រូវដែលអ្នកបានធ្វើនោះ សម្បីតែបន្តិច វានឹងបំផ្លាញភាពគួរឱ្យទុកចិត្តរបស់អ្នកចំពោះមនុស្សជុំវិញអ្នកដែលអ្នកបានកសាងសន្សំរយៈពេលវែងកន្លងមក ហើយអ្នកត្រូវតែចាប់ផ្តើមពីសូន្យម្តងទៀតឡើងវិញ ដើម្បីកសាងសន្សំអ្វីដែលអ្នកបានកសាងចាប់តាំងពីពេលដែលអ្នកបានកើតមក។ ខ្ញុំនឹងមិនជជែកបន្ថែមទៀតអំពី OPM នេះសម្រាប់អាជីវកម្មដែលមានស្រាប់ នៅអត្ថបទបន្ទាប់ទៀត ប្រសិនបើមានសំណើសំណូមពរពីអ្នកអាន។
ដូច្នេះសរុបសេចក្ដីមក តើអ្នកមានការទុកចិត្តពីមនុស្សជុំវិញអ្នកកំរិតណា ដែលអាចអោយអ្នកបំលែងប្តូរវាទៅជាប្រាក់កម្ចី ជាដៃគូសកម្ម ឬជាដៃគូអសកម្មដែលគាំទ្រអ្នក។
ដូច្នេះទាំងនេះគឺជាហេតុផលទាំងបីដែលអ្នកត្រូវតែមានដៃគូក្នុងអាជីវកម្ម។

1-ប្រសិនបើអ្នកមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីគ្រប់គ្រងអ្វីៗគ្រប់យ៉ាងដោយខ្លួនឯងនៅក្នុងអាជីវកម្មទេ អ្នកគួររកដៃគូ។
2-ប្រសិនបើអ្នកមិនមានជំនាញឬបទពិសោធន៍ដែលមានសារៈសំខាន់ចំពោះអាជីវកម្មរបស់អ្នក អ្នកគួររកដៃគូ។
3- ប្រសិនបើអ្នកមិនមានប្រាក់គ្រប់គ្រាន់ដើម្បីធ្វើជំនួញ អ្នកគួររកដៃគូ។

ប្រធានបទ “យល់ដឺងពីភាពជាដៃគូនៃអាជីវកម្ម (ភាគ២)” ដែលនឹងជជែកពីរចំណុចខាងក្រោមនឺងផ្សព្វផ្សាយនៅខែសីហា
តើគួរជ្រើសរើសដៃគូអាជីវកម្មដោយរបៀបណា?
តើអ្វីខ្លះដែលជាកំហុសទូទៅក្នុងភាពជាដៃគូនៃអាជីវកម្ម?
និពន្ធនិង រក្សាសិទ្ធដោយ (Entrepreneurship Journey) G.P. John



Comments

Popular posts from this blog

៧ វិធីគួរអោយចាប់អារម្មណ៍ដើម្បីអោយក្លៀកសដែលអាចធ្វើបាននៅផ្ទះ

តែមានផលប្រយោជន៏ល្អបំផុតសម្រាប់សុខភាពរបស់អ្នក